ជំងឺ​រលាក​ស្រោមពោះ​

ជំងឺ​រលាក​ស្រោមពោះ​

អត្ថបទដកស្រង់

pu

​ការ​រលាក​ស្រោមពោះ​បណ្តាលមកពី​ការបង្ក​រោគ​ដោយ​ពពួក​បាក់តេរី ឬ​ផ្សិត​ទៅលើ​ស្រោម​ពោះ ជាពិសេស​នៅ​ផ្នែក​ខាង​ក្នុងនៃ​ជញ្ជាំង​ពោះ​ដែល​គ្របពីលើ​សរីរាង្គ​ក្នុង​ពោះ​។ ការ​រលាក​ស្រោមពោះ​កើតចេញ​ពី​ការ​ធ្លាយ​អ្វីមួយ​នៅក្នុង​ពោះឬ​ផលវិបាក​នៃ​ជំងឺ​ផ្សេងៗ​។​

​ការ​រលាក​ស្រោមពោះ​ត្រូវការ​ព្យាបាល​ជា​បន្ទាន់​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ដែល​បង្ក​បញ្ហា​។ ជាទូទៅ​ការព្យាបាល​ការ​រលាក​ស្រោមពោះ​តែងតែ​មាន​ការចូលរួម​ពី​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច ហើយ​ករណី​ខ្លះ​ក៏​ត្រូវ​វះកាត់​ដែរ​។ការ​ដែល​មិន​បាន​ព្យាបាល​ការ​រលាក​ស្រោម​ពោះវា​នឹង​វិវឌ្ឈន៍​ទៅ​ជា​សភាព​ធ្ងន់ធ្ងរដែល​អាច​គំរាម​គំហែង​ដល់​ជីវិត​អ្នកជំងឺ​បាន​។​

​ប្រសិនបើ​អ្នក​កំពុង​ធ្វើ​ការលាង​ស្រោមពោះ អ្នក​ក៏​អាច​បង្ការ​កុំអោយ​រលាក​ដល់​ស្រោមពោះ​បានដែរ​តាមរយៈ​ការរក្សា​អនាម័យ​អោយបាន​ល្អ​មុនពេល អំឡុងពេល និង​ក្រោយ​ពេល​លាង​ស្រោម​ពោះ​។​

​រោគសញ្ញា​

​រោគសញ្ញា​នៃ​ជំងឺ​រលាក​ស្រោមពោះ​មាន​៖

• ឈឺ​ពោះឬ​តឹង​ក្នុង​ពោះ​

•   ហើម​ពោះឬ​មាន​អារម្មណ៍​ថា​ណែនៗ​ក្នុង​ពោះ​

•   ក្តៅខ្លួន​

•   ក្អួតចង្អោរ​

•   មិន​ឃ្លាន​អាហារ​

•   រាគ​

•   នោម​តិច​

•   ស្រេកទឹក​

•   អត់​ជុះអត់​ផោម​

•   អស់កម្លាំង​

​ប្រសិនបើ​អ្នក​កំពុងតែ​ធ្វើ​ការលាង​ស្រោម​ពោះរោគសញ្ញា​នៃ​ការ​រលាក​ស្រោមពោះ​ក៏មាន​ដែរ​ដូចជា​៖

•   ទឹក​ដែល​លាង​រួច​នោះ​ពណ៌​ល្អក់​

•   មាន​ស្នាម​អុជៗ​ពណ៌​សឬ​សរសៃ​ក្នុង​ទឹក​ដែល​លាង​រួច​

​ពេល​ដែល​ត្រូវ​ជួប​គ្រូពេទ្យ​

​ការ​រលាក​ស្រោមពោះ​អាច​បណ្តាល​អោយ​គំរាម​គំហែង​ដល់​ជីវិត​បាន​ប្រសិនបើ​មិន​មាន​ការ​ព្យាបាល​បាន​ឆាប់រហ័ស​ទេ ដូច្នេះ​ចូរ​ទំនាក់ទំនង​នឹង​គ្រូពេទ្យ​ភ្លាមៗ​ប្រសិនបើ​អ្នកាមការ​ឈឺពោះ ហើម​ពោះឬ​តឹង​ពោះ​ធ្ងន់ធ្ងរព្រមទាំង​ជាប់ទាក់ទង​នឹង​៖

•   ក្តៅខ្លួន​

•   ក្អួតចង្អោរ​

•   អត់​សូវ​មាន​ទឹកនោម​

•   ស្រេកទឹក​

•   អត់​ជុះអត់​ផោម​

​ប្រសិនបើ​អ្នក​កំពុង​ធ្វើ​ការលាង​ស្រោមពោះ ចូរ​ទំនាក់ទំនង​ដល់​គ្រូពេទ្យ​ភ្លាមៗ​ប្រសិន​បើ​ទឹក​លាង​ស្រោមពោះ​នោះ​ទៅ​ជា​ពណ៌​ល្អក់ មាន​ស្នា​ញ​អុជៗ ឬ​សរសៃៗ ឬ​មាន​ក្លិន​មិនធម្មតា ជាពិសេស​នៅ​កន្លែង​សូក​បំពង់​លាង​នោះ​ទៅ​ជា​ពណ៌​ក្រហមឬ​ឈឺចាប់​ខ្លាំង​។សញ្ញា​ទាំងនេះ​សុទ្ធតែ​ចង្អុលបង្ហាញ​ពី​ការ​រលាក​ស្រោមពោះ​ហើយ​។​

​មូលហេតុ​

​ការបង្ក​រោគ​ទៅលើ​ស្រោមពោះ​អាច​បណ្តាលមកពី​មូលហេតុ​ច្រើន​ប្រភេទ ហើយ​មូលហេតុ​ដែល​ឃើញ​ញឹកញាប់​ជាង​គេ​បំផុត​នោះ​គឺ ការ​ធ្លាយ​អ្វី​មួយ​នៅក្នុង​ជញ្ជាំង​ពោះ​។ អ្វី​ដែល​កម្រ​គឺថា ជំងឺ​នេះ​កើត​មក​រួច​ដោយ​គ្មាន​ធ្លាយ​អ្វី​សោះ​ក្នុង​ពោះហើយ​គេ​អោយឈ្មោះ​ជំងឺ​នេះ​ថា​ការ​រលាក​ស្រោមពោះ​ដោយ​ឯងៗ​។​
មូលហេតុ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​នៃ​ការ​ធ្លាយ​អ្វីមួយ​ហើយ​អោយ​រលាក​ដល់​ស្រោមពោះ​នោះ​មាន​៖

•    ការលាង​ស្រោមពោះ​៖ ការលាង​ស្រោមពោះ​ត្រូវ​ការប្រើ​បំពង់​ដើម្បី​បញ្ចេញ​កាក​សំណល់​ពី​ក្នុង​ឈាម​របស់​អ្នក​នៅ​ពេល​តម្រងនោម​មិន​អាច​ធ្វើការ​បាន​តទៅទៀត​។ ការបង្ក​រោគ​ប្រហែលជា​កើតមាន​ក្នុង​ពេល​លាង​ស្រោមពោះ​នោះ ដោយសារ​តែ​បរិស្ថាន​ជុំវិញ​មិន​ស្អាត កង្វះ​អនាម័យ ឬ​សម្ភារៈ​មិន​បាន​សម្លាប់​មេរោគ​។ ការ​រលាក​ស្រោមពោះ​ក៏​អាច​កើត​មាន​ដោយសារតែ​ផលវិបាក​នៃ​ការវះកាត់​ក្រពះ​ពោះវៀនបញ្ចុក​អាហារ​ដោយ​ប្រើ​បំពង់ឬ​ការបូមទឹក​ពី​ក្នុង​ពោះ​ចេញ​។​

•    ធ្លាយ​ខ្នែងពោះវៀន ដំបៅ​ក្រពះ ឬ​ធ្លាយ​ពោះវៀន​ធំ​៖ ជំងឺ​អស់ទាំង​នេះ​អាច​អនុញ្ញាត​អោយ​បាក់តេរី​លុកលុយ​ក្នុង​ស្រោមពោះ​បាន​តាមរយៈ​ផ្លូវ​ក្រពះ​ពោះវៀន​។​

•    រលាក​លំពែង​៖ ផលវិបាក​នៃ​ការ​រលាក​លំពែង​បណ្តាលមកពី​ការបង្ក​រោគ ដែល​ជាហេតុ​នាំ​អោយ​រលា​ក​ដល់​ស្រោមពោះ​ទៀត​ប្រសិនបើ​បាក់តេរី​នោះ​រាលដាល​ដល់​ស្រោមពោះ​។​

•    មានការ​បាក់បែក​៖ ការ​មាន​របួស ឬ​ការ​បាក់បែក​ប្រហែលជា​អាច​បង្ក​ជា​រលាក​ស្រោមពោះ​បាន ដោយសារ​តែ​បាក់តេរី ឬ​សារធាតុ​គីមី​ផ្សេងៗ​ក្រៅ​រាងកាយ​ចូលទៅ​ក្នុង​ស្រោមពោះ​បាន​។​

​ការ​រលាក​ស្រោមពោះ​ដែល​កើតឡើង​ដោយ​គ្មាន​ការ​ធ្លាយ​អ្វី​សោះ តែងតែ​ជា​ផលវិបាក​នៃ​ជំងឺថ្លើម​ដូចជា​ជំងឺ​ក្រិន​ថ្លើម​ជាដើម​។ ជំងឺ​ក្រិន​ថ្លើម​ដំណាក់កាល​ចុង​ក្រោយ​បណ្តាល​អោយ​ចេញ​ជាតិ​ទឹក​ដ៏​ច្រើន​ទៅក្នុង​ស្រោមពោះ(​ជំងឺ​ទៀច​ទឹក​)ហើយ​ទឹក​នេះ​អាច​ត្រូវបាន​សង្ស័យថា​មាន​បាក់តេរី​នៅក្នុង​នោះ​។​

​កត្តា​ប្រឈមមុខ​

​កត្តា​ដែល​ធ្វើអោយ​រលាក​ស្រោមពោះ​កាន់តែ​ខ្លាំង​នោះ​មាន​៖

•   ការលាង​ស្រោមពោះ​

•   ធ្លាប់​មានប្រ​វតិ្ត​រលាក​ស្រោមពោះ​ពីមុន​

•   មាន​ជំងឺ​អ្វី​ផ្សេង​ទៀត​ដូចជា ជំងឺ​ក្រិន​ថ្លើម រលាក​ខ្នែងពោះវៀន ជំងឺ​ពោះវៀន Crohn ដំបៅ​ក្រពះ ជំងឺ Diverticulitis និង​រលាក​លំពែង​

​ផលវិបាក​

​ការ​ដែល​មិន​បាន​ព្យាបាល​ធ្វើអោយ​ការ​រលាក​ស្រោមពោះ​អាច​រាល​ដល់​ពេញ​ស្រោមពោះ​ទាំងមូលនិង​បណ្តាលអោយ​៖

•   មេរោគ​ចូលក្នុង​ឈាម​

•   មេរោគ​បញ្ចេញ​ជាតិពុល​ទៅក្នុង​ឈាម(Sepsis)ដែល​អាច​គ្រោះថ្នាក់​ដល់​ជីវិត​

​ការ​ធ្វើ​តេស្តនិង​រោគវិនិច្ឆ័យ​

​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​រលាក​ស្រោមពោះ​បាន គ្រូពេទ្យ​អាច​នឹង​សួរ​ពី​ប្រវត្តិ​ជំងឺ និង​ការពិនិត្យ​លើ​រាងកាយ​។ នៅពេល​ការ​រលាក​ស្រោមពោះ​មាន​ជាប់​ទាក់ទង​នឹង​ការលាង​ស្រោមពោះ រោគសញ្ញាជាពិសេស​ទឹក​លាង​ស្រោមពោះ​ដែល​ល្អក់ប្រហែល​ជា​គ្រប់គ្រាន់​សម្រាប់​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ហើយ​។​

​ក្នុងករណី​ការ​រលាក​ស្រោមពោះ​បណ្តាលមកពី​ផលវិបាក​នៃ​ជំងឺ​អ្វី​ផ្សេងឬ​សុខៗ​បែរ​ជា​កើត​តែម្តងគ្រូពេទ្យ​ប្រហែលជា​ត្រូវការ​ធ្វើ​តេស្ត​បញ្ជាក់​ដូចខាងក្រោម​នេះ​៖

•    វិភាគ​លើទឹក​ក្នុង​ស្រោមពោះ​៖ គ្រូពេទ្យ​ប្រហែលជា​ត្រូវ​យក​ទឹក​ក្នុង​ស្រោមពោះ​ទៅ​វិភាគ​ហើយ ប្រសិនបើ​អ្នក​មាន​រលាក​ស្រោម​ពោះ ការពិនិត្យ​លើទឹក​នោះ​ប្រហែលជា​ឃើញ​មាន​គ្រាប់​ឈាមស​ឡើង​ច្រើន ដែល​នេះ​ជា​អំណះអំណាង​មួយ​បញ្ជាក់​ថា​មានការ​រលាក ឬ​បង្ក​រោគ​។ ការបណ្តុះ​ទឹក​ក្នុង​ស្រោមពោះ​ក៏​ប្រហែលជា​អោយឃើញ​មើលឃើញ​វត្តមាន​របស់​បាក់តេរី​ដែរ​។​

•    តេស្ត​ឈាម​៖ ឈាម​របស់​អ្នក​ប្រហែលជា​ត្រូវ​បញ្ជូន​អោយ​ខាង​មន្ទីរពិសោធន៍​ពិនិត្យ​រកមើល​ការឡើង​ខ្ពស់​នៃ​គ្រាប់​ឈាមស​ហើយ​។ ការបណ្តុះ​គ្រាប់​ឈាម​ក៏​ប្រហែលជា​ត្រូវ​ធ្វើ​ដើម្បី​កំណត់​ថា​មាន​បាក់តេរី​នៅក្នុង​ឈាម​។​

•    តេស្ត​ដោយសារ​ថតរូប​វេជ្ជសាស្ត្រ​៖ អ្នក​ប្រហែលជា​ត្រូវ​ថតកាំរស្មីអ៊ិច ឬ​ថត​អ្វី​ផ្សេងទៀត​ក្នុង​បំពង់​ផ្លូវ​រំលាយ​អាហារ​របស់​អ្នក​ហើយ​។ ការថត​អេកូ ក៏​អាច​ធ្វើ​ដែរ​។ ករណីខ្លះ គ្រូពេទ្យ​ត្រូវ​ប្រើ​ការថតCT-scanជំនួស​កាំរស្មីអ៊ិច​ទៀត​។​

​ការព្យាបាលនិង​ប្រើ​ថ្នាំ​

​អ្នក​ប្រហែលជា​ត្រូវការ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ប្រសិនបើ​ការ​រលាក​ស្រោមពោះ​របស់​អ្នក​កើត​ចេញ​ពី​ផលវិបាក​នៃ​ជំងឺ​ផ្សេងៗ​។ការព្យាបាល​រួមមាន​៖

•    ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​៖ ថ្នាំ​នេះ​ត្រូវបាន​ប្រើ​ដើម្បី​សម្លាប់​មេរោគ និង​បង្ការ​កុំអោយ​មេរោគ​រាល​ដល់​ទៅ​កន្លែង​ផ្សេងទៀត​។ ចំពោះ​ប្រភេទ និង​រយៈពេល​នៃ​ការប្រើ​អាស្រ័យ​ទៅតាម​ភាព​ធ្ងន់ធ្ងរ​នៃ​ស្ថានភាព​របស់​អ្នកនិង​ប្រភេទ​នៃ​ការ​រលាក​ស្រោមពោះ​ទៀត​។​

•    វះកាត់​៖ ការព្យាបាល​ដោយ​វះកាត់​ច្រើន​តែ​មាន​សារៈសំខាន់​ក្នុង​ការ​យក​ចេញ​នូវ​ជាលិការ​ដែល​មាន​ជំងឺ ព្យាបាល​ដើម​ហេតុ​របស់​វា និង​បង្ការ​កុំអោយ​មេរោគ​រាល​ដល់​ទៅ​កន្លែង​ផ្សេង​។​

•    ការព្យាបាល​ផ្សេងៗ​ទៀត​៖ ដោយ​អាស្រ័យ​ទៅលើ​រោគសញ្ញា​ដែល​អ្នកមាន ព្រម​ទាំង​ការ​ស្នាក់នៅ​មន្ទីរពេទ្យ​ទៀត​នោះ ការព្យាបាល​អាច​មានកា​រ​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ ថ្នាំ​ចាក់​តាម​សរសៃ ការបញ្ចូល​អុកស៊ីសែនហើយ​ករណី​ខ្លះទៀត​អាច​នឹង​បញ្ចូល​ឈាម​។​

​ប្រសិនបើ​អ្នក​មាន​បញ្ហា​រលាក​ស្រោម​ពោះ គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយ​អ្នក​លាង​ស្រោមពោះ​រយៈពេល​ច្រើន​ថ្ងៃ​ហើយ​ដើម្បី​ព្យាបាល​ការ​រលាក​ដោយសារ​មេរោគ​នោះ​។ តែបើ​ការ​រលាក​ស្រោមពោះ​ចេះតែ​បន្តឬ​កើតឡើង​ម្តង​ហើយ​ម្តងទៀតអ្នក​ប្រហែលជា​ត្រូវ​ឈប់​លាង​ស្រោមពោះនិង​ដូរ​មក​លាង​អ្វី​ផ្សេង​ទៀត​។​

​ការបង្ការ​

​ជាធម្មតា ការ​រលាក​ស្រោមពោះ​ដែល​ជាប់ទាក់ទង​ជាមួយនឹង​ការលាង​ស្រោមពោះ​ច្រើន​បណ្តាលមកពី​មាន​មេរោគ​នៅក្នុង​បំពង់​លាង ដូច្នេះ​ចូរ​ធ្វើ​តាម​ជំហាន​ដូចខាងក្រោម​នេះ​ទៅ​ដើម្បី​បង្ការ​ការ​រលាក​ស្រោមពោះ​៖

•   លាង​សម្អាត​ដៃទាំង​ក្នុង​ក្រចកនិង​ចន្លោះ​ម្រាមដៃ​មុនពេល​ប៉ះ​បំពង់​លាង​

•   លាង​សម្អាត​ស្បែក​នៅ​ជុំវិញ​បំពង់​ជាមួយនឹង​ថ្នាំ​សម្លាប់​មេរោគ​រាល់ថ្ងៃ​

•   ទុកដាក់​ឥ​វ៉ាន​នៅក្នុង​កន្លែង​ដែល​គ្មាន​មេរោគ​

•   និយាយ​ជាមួយ​ក្រុម​ការងា​រលាង​ស្រោម​ពោះ​អោយមាន​ការយកចិត្តទុកដាក់​ល្អ​បំផុត​។​
​ប្រសិនបើ​អ្នក​មាន​ការ​រលាក​ស្រោមពោះ​ដោយ​ឯងៗ​ពីមុនមក ឬ​មាន​ជំងឺ​ក្រិន​ថ្លើម គ្រូពេទ្យ​ប្រហែលជា​ត្រូវ​ចេញ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ដើម្បី​បង្ការ​កុំអោយ​រលាក​ដល់​ស្រោម​ពោះ​។

បញ្ចេញមតិ